ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឬ Angkor Empire Marathon ដ៏ធំរបស់កម្ពុជាត្រូវបានទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញលោកជ្រើសរើសជាគោលដៅដ៏ទាក់ទាញបំផុតក្នុងចំណោមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិធំៗចំនួន១២ទូទាំងពិភពលោកប្រចាំឆ្នាំ២០២៦។

សារព័ត៌មានមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះបានរៀបរាប់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ជាព្រឹត្តិការណ៍ដ៏ល្អឯក ដែលប្រព្រឹត្តទៅនៅតំបន់អង្គរដ៏ល្បីល្បាញរបស់ខ្មែរ ដោយរត់ឆ្លងកាត់វាលស្រែ ភូមិឋានប្រកបដោយសោភ័ណភាព និងប្រាសាទបុរាណដ៏ស្រស់ស្អាតចំនួន៤០។ អ្វីដែលពិសេសទៀតនោះគឺការធ្វើដំណើរកាត់ប្រាសាទអង្គរវត្តដ៏អច្ឆរិយៈ និងជាបេតិកភណ្ឌពិភពលោកផងដែរ។

ព្រឹត្តិការណ៍ម៉ារ៉ាតុងលំដាប់ពិភពលោកចំនួន១១ផ្សេងទៀតដែលត្រូវបានទស្សនាវដ្ដី Forbes ជ្រើសរើសជាគោលដៅដ៏ទាក់ទាញបំផុតប្រចាំឆ្នាំ២០២៦ដែរនោះ មានដូចជា ៖
Boston Marathon រដ្ឋ Massachusetts (សហរដ្ឋអាមេរិក)
Big Sure International Marathon រដ្ឋ California (សហរដ្ឋអាមេរិក)
TCS London Marathon (ចក្រភពអង់គ្លេស)
Great Wall Marathon (ប្រទេសចិន)
the Big Five Marathon (ប្រទេសអាហ្វ្រិកខាងត្បូង)
Bank of America Chicago Marathon ក្រុង Chicago រដ្ឋ Illinois (សហរដ្ឋអាមេរិក)
TCS New York Marathon នៅក្រុង New York (សហរដ្ឋអាមេរិក)
French Riviera Marathon Nice-Cannes (ប្រទេសបារាំង)
New Zealand Sotheby's International Realty Queenstown Marathon (ប្រទេសនូវែលសេឡង់)
Estra Firenze Marathon នៅក្រុង Florence (ប្រទេសអ៊ីតាលី)
Walker Cayman Islands Marathon នៅដែនដី Grand Cayman

ទាក់ទងទៅនឹងការជាប់ក្នុងជម្រើសរបស់ Forbes នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានចាត់ទុកជាមោទនភាពមួយសម្រាប់កម្ពុជា ហើយ NOCC ក៏មានសេចក្ដីសោមនស្សរីករាយដែលបានជ្រើសរើសទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ជាគោលដៅរត់ប្រណាំងដ៏ល្អបំផុតមួយលើលោកប្រចាំឆ្នាំ២០២៦។ ឯកឧត្ដម វ៉ាត់ ចំរើន សង្ឃឹមថា ការចូលរួមផ្សព្វផ្សាយពីទស្សនាវដ្ដី Forbesដ៏ប្រជាប្រិយនេះនឹងរួមចំណែកស្រូបទាញបានអ្នកចូលរួមរត់ប្រណាំងកាន់តែច្រើនថែមទៀតទូទាំងពិភពលោកមកកាន់តំបន់អង្គរដ៏ល្បីល្បាញរបស់កម្ពុជា។

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ប្រព្រឹត្តទៅក្នុងខែសីហា រៀងរាល់ឆ្នាំ។ កាលឆ្នាំ២០២៥កន្លងទៅ ព្រឹត្តិការណ៍ដ៏ធំមួយនេះរបស់កម្ពុជាទទួលបានអ្នកចូលរួមរត់ទាំងជាតិ និងអន្តរជាតិសរុបជាង៤២០០នាក់៕





